គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

វត្តមានក្រុមការងារក្រុមហ៊ុនខនហ្វីរេលក្នុងពិព័រណ៍ FoodEx នៅទីក្រុងភ្នំពេញ

កាលបរិច្ឆេទ: ១០ កញ្ញា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren

ក្រុមការងារក្រុមហ៊ុនខនហ្វីរេលបានចូលរួមពិព័រណ៍ FoodEx ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្ររយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

ពិព័រណ៍នេះរៀបចំឡើងក្នុងបំណងផ្សព្វផ្សាយផលិតផលកសិផល និងផលិតផលដែលគេប្រើប្រាស់ច្រើន ផលិតនៅកម្ពុជា វៀតណាម និងថៃ។ ជាមួយនឹងអ្នកចូលរួមប្រមាណជាង៣០០០នាក់ ដែលភាគច្រើនជាអ្នកមានជំនាញមកពីកម្ពុជា និងប្រទេសផ្សេងៗទៀតនៅអាស៊ី ក្រុមការងាររបស់យើងមានឱកាសបានពន្យល់ពីគោលនយោបាយរបស់ក្រុមហ៊ុនដែលបានដំណើរការអស់រយៈពេលជាង២៣ឆ្នាំមកហើយនេះ ហើយក៏ជាឱកាសស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗផងដែរ។

បើតាមការឱ្យដឹងរបស់អ្នករៀបចំពិព័រណ៍នេះ​ ទីផ្សារផលិតផលចំណីអាហារក្នុងស្រុកកំពុងតែរីកដុះដាល ដោយសារតែសេវាកម្មតាមអនឡាញបានចូលរួមចំណែកជំរុញបន្ថែមលើទីផ្សារនេះ។

ក្នុងអំឡុងឆ្នាំ២០២៤ និង២០២៩ ទីផ្សារក្នុងស្រុកផ្នែកសេវាកម្មចំណីអាហារអាចនឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធម្យមគឺ ១៣,៥៧% ពោលគឺនៅឆ្នាំ២០២៤ ប្រាក់ចំណូលនឹងកើនដល់ ២,៥១ ពាន់លានដុល្លារអាមេរិក ហើយនៅឆ្នាំបន្ទាប់ នឹងកើនឡើងរហូតដល់ ៤,៧៤ ពាន់លានដុល្លារអាមេរិក។

កំណើននៃទីផ្សារក្នុងស្រុកនេះពឹងផ្អែកទៅលើកំណើនសេដ្ឋកិច្ចដែលកើនឡើងបន្តិចម្តងៗ និងដំណើរការនគរូបនីយកម្មបែបវិជ្ជមាន ការកើនឡើងរហូតនៃប្រាក់ចំណូល ការវិវត្តន៍ផ្នែកចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងការកើនឡើងនៃភ្ញៀវទេសចរបរទេស។

ទីផ្សារនេះកើនឡើងក៏ដោយសារតែមានការកើនឡើងនៃការប្រើប្រាស់កម្មវិធីសេវាកម្មដឹកជញ្ជូនចំណីអាហារតាមអនឡាញ។ ភាពងាយស្រួលក្នុងការកុម៉្មង់ និងបង់ប្រាក់ជាកត្តាដែលជំរុញឱ្យសេវាកម្មដឹកជញ្ជូននេះចេះតែកើនច្រើនឡើងៗ។ ស្ថិតិបានបង្ហាញថា មានក្រុមហ៊ុនដឹកជញ្ជូនមិនតិចជាង ១២ ទេ ដែលផ្តល់សេវាដឹកជញ្ជូនចំណីអាហារតាមអនឡាញនៅតាមទីក្រុងធំៗដូចជា រាជធានីភ្នំពេញ ក្រុងកំពត កែប និងសៀមរាបជាដើម។ សេវាកម្មនេះទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃអ្នកប្រើប្រាស់ប្រព័ន្ធអិនធើណេត និងទូរស័ព្ទស្មាតហ្វូន។​ អ្នកប្រើសេវាអិនធើណេតម្នាក់ៗប្រើសេវាច្រើន ពោលគឺលើសពីចំនួន ១៧ លាននាក់នៃចំនួនសរុបប្រជាពលរដ្ឋក្នុងប្រទេសទៅទៀត។

ការបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងជីវភាពប្រចាំថ្ងៃដូចជា ការធ្វើអាជីវកម្មតាមអនឡាញ ការប្រើប្រាស់កម្មវិធី និងការធ្វើទីផ្សារឌីជីថល គឺពិតជាបានផ្លាស់ប្តូររបៀបទំនាក់ទំនងរបស់អ្នកប្រើប្រាស់ជាមួយនឹងក្រុមហ៊ុន។

កម្មវិធីសេវាកម្មដឹកជញ្ជូនចំណីអាហារតាមអនឡាញបានផ្តល់ឱកាសដល់ក្រុមហ៊ុនលក់ម្ហូបអាហារក្នុងការពង្រីកទីផ្សាររបស់ខ្លួន និងអាចបម្រើអតិថិជនកាន់តែច្រើន។ ទន្ទឹមគ្នានេះដែរ សេវាកម្មលក់ចំណីអាហារវេចខ្ចប់ ឬដឹកជញ្ជូនដល់ផ្ទះគឺបង្កភាពងាយស្រួលដល់អតិថិជន និងបង្កើតប្រភពប្រាក់ចំណូលថ្មីផងដែរ។

គួរឱ្យកត់សម្គាល់ថា ការទាមទាររបស់អ្នកប្រើប្រាស់នៅកម្ពុជាដែលចង់បានផលិតផលចំណីអាហារប្រកបដោយនិរន្តរភាព​ និងមានគុណភាពកាន់តែកើនឡើង។ ដូច្នេះ ក្រុមហ៊ុនសហគ្រាសអាចឆក់យកឱកាសនេះដើម្បីផ្តល់ជូនអតិថិជននូវផលិតផលដែលប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងជាផលិតផលសរីរាង្គ និងធ្វើយ៉ាងណាឱ្យបច្ចេកទេសនៃការផលិតរបស់ខ្លួនរឹតតែមានគុណភាពខ្ពស់៕